យោងទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៥៣ សសរ ចេញថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ពោលគឺ១៩ថ្ងៃក្រោយសេចក្តីសម្រេចហាមឃាត់ការធ្វើដំណើរ បានធ្វើអោយប្រជាជនកម្ពុជា នាំគ្នាពិភាក្សាគ្នាពីមាត់១ ទៅមាត់១ យ៉ាងច្រើនថា តើសេចក្តីសម្រេចនេះ លឿនពេករឺយ៉ាងណា ខណៈប្រទេសកម្ពុជា កំពុងតែមានចំនួនអ្នកវិជ្ជមានជំងឺកូវីដ១៩ មិនទាន់ថមថយ ?
បើយើងគិតទៅ សេចក្តីសម្រេចនេះ អាចលឿនមែនដោយសារ ៖
- ចំនួនអ្នកជំងឺកូវីដ១៩ នៅតែបន្តមាន
- ការត្រួតពិនិត្យប្រជាជនដែលចេញពីតំបន់មានហានិភ័យខ្ពស់ នៅតែមិនបានគ្រប់ជ្រុងជ្រោយ
- ប្រជាជនចេញពីតំបន់មានហានិភ័យខ្ពស់នៅតែលួចចេញ
- ការមិនសហការអនុវត្តវិធានការសុខាភិបាលពីសំណាក់ប្រជាជនមួយចំនួន នៅតែមាន
ក៏ប៉ុន្តែ ប្រសិនជាយើងគិតស្របតាមសេចក្តីសម្រេចនេះ យើងនឹងឃើញថា មានកត្តាច្រើន ដែលអាចនាំអោយរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចនេះ ៖
- ការបិទខ្ទប់ (Lock Down) តំបន់មានហានិភ័យខ្ពស់បានធ្វើរួចហើយ ដោយក្នុងនោះ មានរាជធានីភ្នំពេញ ក្រុងតាខ្មៅ នៃខេត្តកណ្តាល ក្រុងប៉ោយប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងភូមិ ឃុំ មួយចំនួនទៀត នៃខេត្តដទៃទៀត ដែលមានអ្នកវិជ្ជមានកូវីដ១៩ ស្នាក់អាស្រ័យ
- ការបើកឡើងវិញនូវចរន្តសេដ្ឋកិច្ច ដែលមិនអាចអត់បានរបស់ប្រទេសកម្ពុជា ការធ្វើដំណើរ ដឹកជញ្ជូនភោគផល នាំចេញ នាំចូល បម្រើអោយជីវភាព ការទទួលទាន និងសេដ្ឋកិច្ចក្នុងប្រទេស
- ការបើកដំណើរការឡើងវិញនូវរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស ដើម្បីអោយប្រជាជនបានធ្វើការងារ បម្រើសេវាកម្ម រកប្រាក់ចំណូល និងជាកម្លាំងជួយដល់បងប្អូនប្រជាជនដែលកំពុងស្ថិតនៅក្នុងតំបន់បិទខ្ទប់
- ប្រជាជនដែលបានជាប់បំរាមហាមឃាត់កន្លងមកត្រូវការធ្វើដំណើរឡើងវិញ ត្រូវការជួបជុំគ្រួសារ ដោយប្រជាជនខ្លះ ត្រូវធ្វើដំណើរឆ្លងខេត្ត
- ការរាំងខ្ទប់យ៉ាងម៉ត់ចត់ ពីសំណាក់ឯកឧត្តម-លោកជំទាវ ជាអភិបាលនៃគណៈអភិបាលខេត្ត ដោយការធ្វើតេស្តលឿន ស្វែងរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័កពីប្រជាជនចេញពីតំបន់ប្រឈម ការបិទខ្ទប់ ភូមិ ឃុំដែលមានប្រជាជនមានផ្ទុកមេរោគកូវីដ១៩ភ្លាមៗ
- ការអនុវត្តវិធានការសុខាភិបាល ពីថ្នាក់លើដល់ថ្នាក់ក្រោម ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺ
ហេតុផលមួយចំនួនទាំងនេះ អាចជាកត្តាដែលជម្រុញអោយរាជរដ្ឋាភិបាលកម្ពុជាសម្រេចបិទបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងបើកឡើងវិញនូវរមណីដ្ឋានទេសចរណ៍ទូទាំងប្រទេស តែនេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះ ។
ប្រភពរូបភាព រាជរដ្ឋាភិបាលកម្ពុជា
Post a Comment