វិសាខបូជា |
ជារៀងរាល់ថ្ងៃ១៥កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកគ្រប់រូបទូទាំងពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជា តែងតែប្រារព្ធពិធីបុណ្យប្រពៃណីពុទ្ធសាសនា គឺបុណ្យវិសាខបូជា ។
វិសាខបូជា ជាពិធីបុណ្យប្រារព្ធធ្វើរៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃខួបប្រសូត្រ ថ្ងៃខួបត្រាស់ដឹង និងថ្ងៃខួបចូលបរិនិព្វាន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង ។ អភិលក្ខិតសម័យទាំង៣នេះ កើតឡើងនៅថ្ងៃ១៥កើត ខែវិសាខតែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ ។
ថ្ងៃវិសាខបូជានេះផងដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិ បានកំណត់ ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសកលអំពី ការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ក្នុងពិភពលោកជាងពីរពាន់ប្រាំមួយរយឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវការចូលរួមចំណែកលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត ។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សំរាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ ។
ជាធម្មតាក្នុងថ្ងៃនៃពិធីបុណ្យនេះ ប្រជាពុទ្ធសាសនិក តែងតែធ្វើដំណើរទៅវត្តណាមួយ ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែរប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយផ្កាភ្ញី ការសូត្រធម៌ ការស្តាប់ធម្មទេសនា និងការសាកសួរធម៌ សាកច្ឆាធម៌ជាដើម ។ ប៉ុន្តែអ្វីដែលប្រជាពុទ្ធសាសនិកគួរបានទទួលជាផលប្រយោជន៍ ឲ្យកាន់តែពិសេសនោះ គឺការយល់ដឹងបន្ថែមអំពីសារៈសំខាន់របស់ថ្ងៃទាំង៣នេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្តិ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន ឲ្យបានសមនឹងការបានអញ្ជើញទៅចូលរួមពិធីបុណ្យនៅឯវត្ត ។
ការរំលឹកដល់ថ្ងៃវិសាខបូជា គួរតែជាការសួរដើម្បីរកចម្លើយថា តើថ្ងៃខួបប្រសូត្ររបស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើថ្ងៃខួបការត្រាស់ដឹងរបស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើថ្ងៃខួបចូលបរិនិព្វាន របស់ព្រះពុទ្ធសំខាន់ដូចម្តេចខ្លះ? តើយើងនឹងបានប្រយោជន៍អ្វីពីការរំលឹក សម្រាប់យកមកផ្ទះវិញ ?
យើងតែងតែគិតថា វិសាខបូជាមានតែម្តងប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយការបូជាក៏មានមួយឆ្នាំតែម្តងដែរ ។ តែតាមការពិត ព្រះពុទ្ធអង្គលោកបានត្រាស់ថា ការបូជាដែលល្អជាទីបំផុត ការបូជាដ៏ឧត្តមនោះ គឺការយកព្រះធម៌មកបដិបត្តតាម ហើយជាការបូជាដោយពុំបាច់ចំណាយទ្រព្យសម្បត្តិឡើយ ។
វិសាខបូជា មានរាល់ថ្ងៃ ៖ ការរំលឹកដល់ខួបប្រសូត្រព្រះពុទ្ធអង្គ ខួបត្រាស់ដឹង និងខួបចូលបរិនិព្វាន របស់ព្រះពុទ្ធអង្គ ក៏គួរមានរាល់ថ្ងៃដែរ ។ ពុទ្ធំ សរណំ គច្ឆាមិ ខ្ញុំសុំយកព្រះពុទ្ធជាទីសរណៈ ជាទីនឹករលឹក ជាពាក្យដែលយើងតែងសូត្រ គឺយើងត្រូវយកជាទីពឹងរាល់ថ្ងៃ ថ្វីត្បិតយើងត្រូវថាតាមព្រះសង្ឃតែ៣ដងក្តី ។
យើងអាចយកអត្ថន័យនៃបុណ្យវិសាខបូជា មកធ្វើជាមគ្គុទេសក៍សម្រាប់ជីវិតរាល់ថ្ងៃបាន ៖
១. ថ្ងៃប្រសូត្រ ៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយ បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានពោជ្ឈ័ង្គទាំង៧ តាមផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចហើយ ។
២. ថ្ងៃត្រាស់ដឹង ៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ និងចែកចាយការសម្រេច និងវិធីដែលនាំឲ្យសម្រេចគោលដៅនោះ ដល់មនុស្សជាតិទូទៅ ។
៣. ថ្ងៃចូលបរិនិព្វាន ៖ សេចក្តីស្លាប់គឺ ជាធម្មជាតិរបស់សព្វមនុស្សសត្វ ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់ គប្បីមានមរតកណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិដ្ឋាន ឲ្យស្ថិតស្ថេរយូរអង្វែងតទៅ ។
នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ក្នុងឋានៈជាពុទ្ធសាសនិក យើងត្រូវប្រឹងប្រែងរៀនពុទ្ធសាសនាឲ្យយល់ច្បាស់ ហើយយកពុទ្ធធម៌មកអនុវត្តឲ្យបានជាប្រចាំថ្ងៃ ដើម្បីថែរក្សាពុទ្ធសាសនាឲ្យបានគង់វង្ស សមជាសាសនារបស់រដ្ឋ និងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និងមេត្តាករុណា ដល់កុលបុត្រខ្មែរ ណិងមនុស្សជាតិជំនាន់ក្រោយ ឲ្យបានទូលំទូលាយតរៀងទៅ ។
ដកស្រង់ពីសៀវភៅ ឈ្វេងយល់វិសាខបូជា ទិវានៃការត្រាស់ដឹង
Post a Comment