វត្តគុហាគង្គា ឬអ្នកស្រុកនិយមហៅថា វត្តព្រះអង្គគុហ៍ ជាវត្តស្ថិតនៅក្នុងភូមិព្រែកសង្កែលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ១១គ.ម ពីសាលាស្រុកស្ទឹងត្រង់ និងចម្ងាយប្រមាណ ៤៣ គ.ម ពីសាលាខេត្តកំពង់ចាម ។
ដើម្បីទៅកាន់វត្តគុហាគង្គា អ្នកអាចចេញដំណើរពីសាលាខេត្តកំពង់ចាម តាមបណ្តោយផ្លូវ២២២ (ផ្លូវបណ្តោយមាត់ទន្លេ) ទៅទិសខាងជើង ដល់ទីរួមស្រុកស្ទឹងត្រង់ រួចបន្តដំណើរតាមមាត់ទន្លេទៅកាន់បឹងកេត នឹងបានឃើញក្លោងទ្វារវត្តព្រះអង្គគុហ៍ ។ ពីក្លោងទ្វារវត្ត ប្រមាណ ១,៧០០ ម៉ែត្រ នឹងបានទៅដល់វត្ត ។
 |
ក្លោងទ្វារវត្តគុហាគង្គា |
កាលពីប៉ុន្មានឆ្នាំមុន ផ្លូវពីក្លោងទ្វារវត្ត ទៅកាន់វត្តមិនទាន់បានធ្វើស្អាតនោះទេ រហូតដល់ឆ្នាំ២០១៨ រាជរដ្ឋាភិបាល បានអនុវត្តគម្រោងដោយនាយកដ្ឋានផ្លូវលំជនបទ ជាគម្រោងផ្លូវក្រាលកៅស៊ូ ២ជាន់ប្រភេទ DBST ប្រវែង ៣,៧០០ម៉ែត្រ ធ្វើឲ្យផ្លូវទៅកាន់វត្ត កាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ ។
អ្នកអាចទៅកាន់វត្ត តាមផ្លូវជណ្តើរខាងលើ រឺបើករថយន្តចូលតាមផ្លូវខាងក្រោម ។ ពេលចូលទៅកាន់ខាងក្រោម អ្នកនឹងបានឃើញ ចេតិយចំណាស់មួយនៅខាងស្តាំដៃ ព្រះវិហារ រូបសំណាកឆ្នាំទាំង១២ នៅជុំវិញព្រះវិហារ សាលាឆាន់ និងទីធ្លាវត្តត្រូវបានចាក់បេតុងដើម្បីងាយស្រួលដល់ពុទ្ធបរិស័ទ និងអ្នកទេសចរណ៍មកលេងកម្សាន្ត ។
 |
ជណ្តើរចុះទៅកាន់ព្រះអង្គធំ |
 |
ចេតិយចំណាស់ |
 |
ព្រះវិហារ |
 |
ជណ្តើរឡើងទៅខាងលើ |
នៅក្នុងល្អាងមានរូបព្រះពុទ្ធអង្គធំ ។ ដើម្បីទៅកាន់ល្អាង អ្នកអាចធ្វើដំណើរចុះតាមកាំជណ្តើរពីខាងលើចុះមក រឺក៏ដើរឡើងតាមផ្លូវបេតុងឡើងពីក្រោមទៅលើ ។ នៅក្នុងល្អាងមាន ជាព្រះពុទ្ធរូបជាច្រើនអង្គ និងមានកន្លែងសម្រាប់អុជធូប បួងសួងសុំសេចក្តីសុខ ដែលមានលោកអាចារ្យនៅថែរក្សា ជាមួយព្រះសង្ឃគង់នៅវត្តនោះផងដែរ ។ នៅពីលើល្អាង មានដើមឈើតូច ធំជាច្រើនរួមជាមួយប្រភពទឹកដែលចេញពីផ្ទាំងថ្មខាងលើ ហូរមិនចេះដាច់ ខួបប្រាំង ខួបវស្សា ទឹកថ្លាត្រជាក់ ។ នៅពីមុខល្អាង ត្រូវបានអាជ្ញាធររៀបចំសាងសង់ជាទីធ្លាធំទូលាយ ងាយស្រួលដល់ការឡើងទៅកាន់បួងសួង បន់ស្រន់ នានា ។
ពេលវេលាទៅលេង
អ្នកអាចទៅលេង វត្តគុហាគង្គា បាននៅរៀងរាល់ថ្ងៃ ជាពិសេសពេលរសៀល មានម្លប់ត្រជាក់ ងាយស្រួលក្នុងការធ្វើដំណើរ និងសំពះព្រះអង្គ ។ រហូតដល់ពេលល្ងាច និងបានឃើញថ្ងៃលិចផងដែរ ។ នៅវត្តព្រះអង្គគុហ៍ មានមនុស្សច្រើន រៀងរាល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពិធីបុណ្យភ្ជុំបិណ្ឌ ។
 |
ផ្លូវឡើងទៅកាន់ល្អាង |
 |
ព្រះពុទ្ធរូប |
 |
ព្រះអង្គធំ |
 |
ទឹកធ្លាក់ពីថ្ម |
 |
ដើមឈើដុះជុំវិញល្អាង |
 |
ព្រះពុទ្ធរូប |
 |
ប្ញសឈើ នៅលើល្អាង |
 |
ល្អាង |
 |
បង់អង្គុយលេង សម្រាប់ភ្ញៀវទេសចរណ៍ |
ប្រវត្តិឈ្មោះវត្តគុហាគង្គា
តាមការនិយាយដំណាលតគ្នា គឺកាលពី ៨១ឆ្នាំមុន ប្រមាណក្នុងឆ្នាំ ១៩៣៩ មានព្រះពុទ្ធរូបផ្ទុំសង់អំពីឈើ បានអណ្តែតក្នុងទឹកទន្លេមេគង្គ ហើយត្រូវបានអ្នកនេសាទស្រង់ចេញពីទឹក មកប្រគេន ព្រះចៅអធិការវត្តនេះ ដែលកាលដើមឡើយ ជាវត្តដើមជ្រៃ ។ ប៉ុន្តែច្រើនឆ្នាំក្រោយ រូបព្រអង្គនេះ បានពុកផុយ ហើយព្រះចៅអធិការវត្តក៏សម្រេចកសាងព្រះពុទ្ធរូប ដដែលនេះជាថ្មីឡើងវិញ ដោយបានតម្កល់ទុកក្នុងល្អាងមកទល់សព្វថ្ងៃនេះ និងបានដាក់ឈ្មោះថា វត្តគុហាគង្គា ហៅវត្តព្រះអង្គគុហ៍ ។
វត្តគុហាគង្គា នៅលើផែនទី
Post a Comment