ជាទូទៅ នៅពេលអ្នកត្រូវការទិញកុំព្យូទ័រយួរដៃ (Laptop) យកមកប្រើប្រាស់ អ្នកតែងតែគិតពីចំណូលចិត្ត ការត្រូវការ និងតម្លៃ ។
យ៉ាងណាក្តី ចំណុចទាំងនេះ នៅមិនគ្រប់គ្រាន់នៅឡើយទេ ។ ខាងក្រោមនេះជា ៥ចំនុចក្នុងការជ្រើសរើស Laptop ៖
១. ត្រូវយល់ដឹងពីតម្រូវការប្រើប្រាស់របស់អ្នក
បើអ្នកប្រើប្រាស់ត្រឹមជាការងារការិយាល័យ ដោយគ្រាន់តែប្រើប្រាស់កម្មវិធី Word, Excel ឬ Powerpoint ទេ អ្នកគួរជ្រើសរើស ក្តារចុច (keyboard) ណាដែលងាយស្រួលវាយអក្សរ និងអេក្រង់ល្មមៗបានហើយ ។ ប៉ុន្តែប្រសិនបើអ្នកជាត្រូវការក្នុងការរចនាក្រាហ្វិក វីដេអូ ឬវិស្វករ អ្នកគួរជ្រើសរើសម៉ាស៊ីនធំ កំលាំងដំណើរការធំ និងអេក្រង់ធំ ដែលមាន High Resolution (Full HD) ។
២. ទំហំ Laptop និងម៉ូដ
ម៉ូដ Laptop ក៏ជាចំនុចមួយដែលអ្នកមិនអាចរំលងបាន ។ សម្រាប់អ្នកលេងហ្គេម (Gamer) គេត្រូវការបែបសាមញ្ញ តែម៉ាស៊ីនធំ ។ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ទូទៅ តែងតែចង់បានម៉ូដប្លែកៗថ្មីស្អាត ជាមួយនឹងកម្រាស់ស្តើង ងាយស្រួលកាន់តាមខ្លួន ។ Laptop ទម្ងន់ចន្លោះពី ១,៥-២ គីឡូក្រាម និងទំហំពី ១១-១៥ អ៊ីញ គឺពេញនិយមបំផុតលើទីផ្សារបច្ចុប្បន្ន ។
៣. ការធានារ៉ាប់រង
អ្នកគួរទិញ Laptop ពីក្រុមហ៊ុនណាដែលមានការធានាដល់ទៅ២ឆ្នាំ ជាជាង១ឆ្នាំ ។ ជាពិសេស គួរទិញពីក្រុមហ៊ុនណាដែលមានសេវាកម្មធានានៅក្បែរផ្ទះរបស់អ្នកបំផុត ដើម្បីងាយស្រួល ក្នុងករណី Laptop អ្នកមានបញ្ហា ។
៤. កិត្តិស័ព្ទរបស់ក្រុមហ៊ុន
នៅលើទីផ្សារបច្ចេកវិទ្យាបច្ចុប្បន្ន មានស្លាកក្រុមហ៊ុនជាច្រើនដូចជា Dell, HP, Acer, Asus, Apple និងក្រុមហ៊ុនជាច្រើនទៀត ។ តែអ្នកត្រូវតែស្វែងយល់ឱ្យបានច្បាស់ពី យីហោក្រុមហ៊ុនណាល្បីជាង និងផលិតផលមានគុណភាពជាង មុននឹងអ្នកសម្រេចចិត្តទិញមកប្រើប្រាស់ ។
៥. ពិចារណាតម្លៃ
ជាធម្មតាអ្នកតែងតែចង់បាន Laptop ល្អរបស់ក្រុមហ៊ុនល្បី ស្អាត និងដំណើរការលឿន ប៉ុន្តែអ្នកមិនចំបាច់ចំណាយលុយទៅលើការទិញ Laptop ដែលមិនសមនឹងការប្រើប្រាស់របស់អ្នកឡើយ ។ សំរាប់អ្នកប្រើប្រាស់ការងារការិយាល័យទូទៅ Laptop តម្លៃក្រោម ៥០០ ដុល្លា ជាតម្លៃសមរម្យបំផុត ។
ប្រភព ៖ សប្បាយ
Post a Comment