ដើម្បីជៀសវាងពីជំងឺ ត្រូវសម្រកខ្លាញ់ក្បាលពោះ
ជាតិខ្លាញ់នៅបរិវេណក្បាលពោះ ជាខ្លាញ់ដែលនៅសេសសល់ បន្ទាប់ពីរាងកាយយកទៅប្រើប្រាស់មិនអស់ ដោយភាគច្រើន តែងតែសង្កេតឃើញថា ជាតិខ្លាញ់ប្រភេទនេះ ស្ថិតនៅចន្លោះសរីរាង្គនានាក្នុងរាងកាយ ដូចជា ថ្លើម លំពែង ពោះវៀន និងតម្រងនោមជាដើម។ ជាតិខ្លាញ់នេះ មានលក្ខណៈខុសប្លែកពីជាតិខ្លាញ់នៅបរិវេណភ្លៅ និងកំប៉េះគូទ ដែលអាចកម្ចាត់បានដោយប្រើបច្ចេកវិទ្យាថ្មីៗ ប៉ុន្តែខ្លាញ់ក្បាលពោះ អាចនាំឲ្យមានគ្រោះថ្នាក់ចំពោះសុខភាព...។
-គ្រោះថ្នាក់បណ្តាលមកពីខ្លាញ់ក្បាលពោះ: ខ្លាញ់ក្បាលពោះ មានទំនាក់ទំនងយ៉ាងខ្លាំងនឹងជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ២ សម្ពាធឈាមឡើងខ្ពស់ និងជំងឺមហារីកមួយចំនួនទៀត។
-ធ្វើបែបណាទើបដឹងថា មានខ្លាញ់ក្បាលពោះលើស : វិធីងាយស្រួលបំផុត គឺអ្នកគ្រាន់តែវ៉ាស់ទំហំចង្កេះ លើស ៨៩ សង់ទីម៉ែត្រ និងបុរសមានទំហំចង្កេះលើស ១០២ សង់ទីម៉ែត្រ បង្ហាញថា អ្នកមានជាតិខ្លាញ់លើសត្រង់បរិវេណក្បាលពោះ។
-បញ្ហាជាតិខ្លាញ់លើសចំពោះស្ត្រី: បន្ទាប់ពីអស់រដូវ រាងកាយស្ត្រីមានការផ្លាស់ប្តូរអ័រម៉ូនយ៉ាងច្រើន ដែលនេះអាចជាកត្តាមួយដែល ធ្វើឲ្យឡើងទម្ងន់។ ក្រៅពីនេះ តំណពូជ គឺជាកត្តាសំខាន់មួយ ដែលធ្វើឲ្យប៉ះពាល់ដល់ជាតិខ្លាញ់ បូករួមទាំងការប្រើប្រាស់ជីវិតប្រចាំថ្ងៃផងដែរ...។
-កត្តាគួរចងចាំ: ចំណុចល្អគឺ នៅពេលដែលអ្នកព្យាយាមសម្រកទម្ងន់នោះ ជាតិខ្លាញ់ក្បាលពោះនឹងស្រកមុនគេ។ ដូចនេះ ការហាត់ប្រាណបែបធម្មតា អាចជួយឲ្យសាច់ដុំដំណើរការបានយ៉ាងល្អ ហើយថែមទាំងអាចសម្រកក្បាលពោះបានថែមទៀត។
-មុនពេលហាត់ប្រាណ អ្នកគួរមានកត្តាមួយចំនួនដូចជា:
*ការលើកទឹកចិត្ត: ព្រោះកាលដែលអ្នកព្យាយាមដោយគ្មានអ្នកលើកទឹកចិត្ត អាចនឹងធ្វើឲ្យអ្នកបោះបង់ពាក់កណ្តាលទីបាន។
*កុំសម្រកទម្ងន់ច្រើនពេក: តាមការណែនាំពីអ្នកជំនាញ ឲ្យដឹងថា ការហាត់ប្រាណ ដើម្បីសម្រកទម្ងន់បាន ០.៥-១ គីឡូក្រាម ក្នុងមួយសប្តាហ៍ គឺជារឿងល្អមួយ។
*កំណត់គោលដៅ: អ្នកគួរកំណត់គោលដៅឲ្យសុខភាពល្អ ជាចំណុចនាំមុខគេ។
*កំណត់អត្រាអាហារ: អ្នកគួរកត់ត្រាពីអ្វីដែលអ្នកទទួលទាន និងបរិមាណអាហារប្រចាំថ្ងៃ ដើម្បីឲ្យបានដឹងពីទម្លាប់របស់អ្នក។
*ទទួលទានតិច តែជាអាហារសុខភាព: ដូចជាអាហារមានកាកសសៃច្រើន (ធញ្ញជាតិ អង្ករសំរូប អង្ករអាវ័ន ផ្លែឈើ បន្លែ...) ព្រមទាំងជាមួយអាហារគ្រប់ទាំង ៥ក្រុម។ ម្យ៉ាងទៀត អ្នកត្រូវតមអាហារដែលមានជាតិខ្លាញ់ ដូចជា សាច់ជាប់ខ្លាញ់ អាហារបំពង ឬចៀន ឬផលិតផលនានាដែលមានជាតិខ្លាញ់។ ជាពិសេស គួរទទួលទានក្នុងបរិមាណតិចតួច តែល្អចំពោះសុខភាព។
*ទទួលទានភេសជ្ជៈដែលល្អចំពោះសុខភាព: អ្នកគួរពិនិត្យលើភេសជ្ជៈដែលអ្នកទទួលទានជាពិសេសបរិមាណជាតិស្ករ។ ក្រៅពីនេះ ភេសជ្ជៈមួយចំនួនទៀត ដូចជា តែ កាហ្វេ ឬគ្រឿងស្រវឹង ជាភេសជ្ជៈដែលមិនល្អចំពោះសុខភាព ព្រោះវាផ្តល់កាឡូរីយ៉ាងច្រើន។ ដូចនេះ អ្នកគួរទទួលទានទឹកធម្មតា ទើបជាការប្រសើរ។
*ធ្វើចលនារាងកាយឲ្យបានច្រើន: អ្នកគួរហាត់ប្រាណឲ្យបាន ៣០នាទី ឬយ៉ាងតិច ឲ្យបាន ៥ថ្ងៃ ក្នុងមួយសប្តាហ៍ ដោយក្នុងនោះ អ្នកអាចរត់ រាំ ហែលទឹក ឬដើរ ដើម្បីបញ្ចេញសកម្មភាពរាងកាយ។ តែទោះជាយ៉ាងនេះក្តី អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យសិន មុននឹងហាត់ប្រាណបែប អ៊ែរ៉ូប៊ិក (Aerobic) ព្រោះវាជាវិធីហាត់ប្រាណមួយបែប ដែលត្រូវការប្រើថាមពលខ្លាំង។ ម្យ៉ាងទៀតការទទួលកម្លាំងចិត្ត ដើម្បីធ្វើឲ្យមានសុខភាពល្អ និងស្រកជាតិខ្លាញ់ក្បាលពោះបានល្អ៕
Post a Comment