សួន​ម្លប់​ស្នាយ​ស្រីឈូក │ កំពង់​សៀម កំពង់ចាម

 


ម្លប់​ស្នាយ​ស្រីឈូក ជា​សួន​មួយ​ ស្ថិត​ក្នុង​ភូមិ​ស្រឡៅ ឃុំ​អំពិល​ ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម មាន​ចម្ងាយ​ប្រមាណ ៤គ.ម ពី​សាលា​ស្រុក​កំពង់​សៀម និង​ចម្ងាយ​ប្រមាណ​ ៦.៣គ.ម ពី​សាលា​ខេត្តកំពង់ចាម ។ សួន​នេះ​ស្ថិត​នៅ​ភាគ​អាគ្នេយ៍​ភ្នំស្រី ។ 


ដើម្បី​ទៅ​ដល់​ម្លប់​ស្នាយ​ស្រីឈូក អ្នក​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៧​ទិស​ដៅ ទៅ​កាន់​រាជធានី​ភ្នំពេញ ដល់​​ស្ថានីយ៍​ប្រេង​ឥន្ធនៈសូគីម៉ិច បត់​ស្តាំ រួច​បន្ត​ដំណើរ​ ១,៤០០ម៉ែត្រ រួច​បត់​ឆ្វេង និង​ឃើញ​ស្លាក​សួន​កម្សាន្ត​ម្លប់​ស្នាយ​ស្រីឈូក​នៅខាងស្តាំ​ដៃ រួច​បត់​ស្តាំ ។ 


ពេល​ទៅ​ដល់​ម្លប់​ស្នាយ​ស្រីឈូក អ្នក​អាច​លេង​កម្សាន្ត​ជាមួយ​សេវាកម្មជាច្រើន មាន​ដូចជា ៖

  • អាហារដ្ឋាន អ្នក​អាច​ញាំអាហារ​ជាលក្ខណៈ​គ្រួសារ រឺ​ដៃគូ​បាន​ ដោយ​មាន​ជា​តូប​ជាច្រើន សង់​តាម​ជម្រាល​ទួល ខ្លះ​សង់​ពី​ដែក ខ្លះ​សង់ពីឈើប្រក់​ស្បូវ មាន​បែប​ផែន​ច្រើន​សណ្ឋាន ។ អាហារ​នៅ​សួន​នេះ មាន​តម្លៃ​សមរម្យ និង​សេវា​ល្អ ។ 
  • ជិះ​ទាទឹក​ អ្នក​អាច​កម្សាន្ត​ដោយ​ជិះ​ទាទឹក​ នៅ​ក្នុង​ស្រះ​នៅ​សួន​នេះ បាន​ដោយ​ចំណាយ​តែ​១ដុល្លា ក្នុង​រយៈ​ពេល​១ម៉ោង ។ អ្នក​អាចជិះ​មើល​ទេសភាព​ជុំ​វិញ​ តាម​មាត់​ស្រះ មាន​រុក្ខជាតិ​ ដើម​ឈើ​ហូប​ផ្លែ​ជាច្រើន ពណ៌​ខៀវ​គួរ​គយ​គន់ ។
  • ការ​ច្រៀងលេង​កម្សាន្ត អ្នក​អាច​ស្តាប់​ការ​ច្រៀង​ពី​សំណាក់​តារា​ចម្រៀង​ប្រចាំ​រមណីយដ្ឋាន រឺ​អាច​ច្រៀង​ដោយ​ខ្លួន​ឯងបាន ។
  • ការ​ជិះ​សេះ​ថតរូប​ អ្នក​អាច​ឡើង​ជិះ​សេះ ក្នុង​សម្លៀក​បំពាក់ឈុតជិះសេះ រួច​ធ្វើ​ការថតរូប​លេង​កម្សាន្ត​បាន ។
  • ស្លៀក​ពាក់​សម្លៀក​បំពាក់​ជនជាតិ អ្នក​អាច​ថតរូប​ក្នុង​សម្លៀក​បំពាក់​ជនជាតិ តាម​ទីតាំង​នានា​ក្នុងសួន រឺ​ក្នុង​សួន​ផ្កា​បាន ជាមួយ​ផ្កាជាច្រើន​ប្រភេទ ច្រើន​ពណ៌​ចម្រុះ​គ្នា 


តូប​សម្រាប់​បរិភោគ​អាហារ​

ទាទឹកសម្រាប់ជិះលេងកម្សាន្ត

ដេកអង្រឹងចាក់បាស់លេង

សេះសម្រាប់ជិះថតលេង


សួន​ម្លប់​ស្នាយ​ស្រីឈូក ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ២០១៩​ និង​បាន​ដាក់​អោយ​ដំណើរ​ការសាកល្បង​នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ២០១៩ ។ បន្ត​បន្ទាប់​មក​ ម្ចាស់​រមណីយដ្ឋាន​ក៏​បាន​បង្កើត​កន្លែង​លេង​ផ្សេងៗ​ជាច្រើន​ ដាំ​រុក្ខជាតិ​ចម្រុះ តាម​ផ្លូវ​ និង​ជុំ​វិញ​ស្រះ ។ 


ប្រវត្តិ​ឈ្មោះ សួន​ម្លប់​ស្នាយ​ស្រី​ឈូក


តាម​ម្ចាស់​រមណីយដ្ឋាន​នេះ​បាន​អោយ​ដឹងថា នៅ​ទីនោះ​មាន​ត្រពាំង​ឈូក​ ពីដើម​មក ហើយ​ដូនតា​គាត់​ក៏​បាន​ទិញ​ដី​នៅ​កន្លែង​នោះ យូរ​មក​ហើយ ។ ពី​ដំបូង​ឡើយ​ មិន​បាន​ធ្វើ​អ្វី​នោះទេ ដោយ​ដី​នោះ គ្រាន់​តែ​ទុក​សម្រាប់​ឃ្វាល​គោ ។ លុះ​ក្រោយ​មក​ គាត់​បាន​កែ​ច្នៃ​ជា​សួនកម្សាន្ត​បន្តិចៗ​ម្តងៗ ។ ដោយ​ហេតុថា​នៅទីនោះ មាន​ដើម​ស្នាយ​ដុះ​ឯក​ឯង ជាច្រើន គាត់​ក៏​សម្រេចថា​ដាក់​ឈ្មោះសួន ថា សួនម្លប់​ស្នាយ​ស្រីឈូក តែម្តង ។ 




ពេលវេលាគួរទៅលេង

អ្នក​អាច​ទៅ​លេង​កម្សាន្ត​នៅសួន​ម្លប់ស្នាយ​ ស្រីឈូក នៅ​ពេល​ថ្ងៃ​ត្រង់ សម្រាប់​ការ​បរិភោគ​អាហារ ហើយ​រសៀល​បន្តិច អ្នក​អាច​ចុះ​ថត​រូប​លេង​កម្សាន្ត​បាន ជាមួយ​ពន្លឺ​ស្រទន់​ពី​ព្រះអាទិត្យ ។ បើ​ទៅ​លេង​នៅ​ខែវស្សា នឹង​បាន​ឃើញ​ទេសភាព​ខៀវ​ស្រងាត់ ត្រជាក់​ភ្នែក និង​ទឹក​ស្រះ​នៅមាន​ទឹក​ច្រើន អាចជិះទាទឹក​លេង​កម្សាន្ត​បានស្រួល មិនដូច​រដូវប្រាំង ។

សួន​ម្លប់ស្នាយ ស្រីឈូក លើ​ផែនទី 

Post a Comment

Previous Post Next Post