ព្រះរាជពិធីច្រត់ព្រះនង្គ័ល ជាពិធីបុណ្យជាតិ ដែលតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ នាវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំង នៃរាជធានីភ្នំពេញសព្វថ្ងៃ តែនៅឆ្នាំខ្លះ ព្រះរាជពិធីនេះ ក៏បានប្រារព្ធធ្វើនៅតាមបណ្តាខេត្តដែរ ដូចជាខេត្តកំពង់ចាម ខេត្តសៀមរាប ... ។
ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ គោឧសភរាជ ។ ម្យ៉ាងទៀតក៏ជាការដាស់តឿន ក្រើនរំព្ញកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឲ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ ។
ប្រវត្តិខ្លះនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរកសិកម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវ អង្ករ និងភោគផល ដំណាំដទៃទៀត ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានគេប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ នៅក្នុងខែពិសាខ គឺជាព្រះរាជពិធីមួយ សំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ហើយក៏ជាព្រះរាជពិធីមួយ ចាត់ចូលជាព្រះរាជពិធីទ្វារទសមាស ។
តាមពិតទៅ ការបង្កើតផលិតផលស្រូវអង្ករ ឬក៏ផលដំណាំផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាមរយៈព្រះរាជពិធីខាងលើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធរបស់តួអង្គ ស្តេច ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ មានន័យថា ផលដំណាំពុំមែនស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដជាបណ្តាលមកពីពិធីកម្មនេះឯង ។
តាមទម្លាប់ពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការស៊ីផឹក របស់ គោឧសភរាជ ។ គោឧសភរាជ ជាគោ១នឹម ដែលទឹមច្រត់ព្រះនង្គ័ល មានលក្ខណៈកំណត់ ជាសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬប្រក់នាគ (រាងខុបទៅមុខបន្តិច ហើយវាត់ចុងទៅលើបន្តិច) ។ គោ២នឹមទៀត សម្រាប់ហែមុខហែក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាមដែលធ្លាប់ប្រើមក ឃើញថាច្រើនតែសម្បុរក្រហម ។ នៅលើ គោឧសភរាជ គេប្រដាប់ដោយគ្រឿងគឺ ពាក់ស្រោមមុខស្រោមស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង ។ ឯព្រះនង្គ័លទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅ កាត់ខ្សែក្រហមដោយអន្លើៗ ចំណែកចន្ទោលព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមានលក្ខណៈពិសេស គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបពណ៌មាស ។ នៅត្រង់កនាគមានភូធ្វើពី រោមសត្វសម្បុរ បែបភូទួន ។
គោឧសភរាជ |
គោឧសភរាជ |
គោឧសភរាជ និងព្រះនង្គ័ល |
ព្រះនង្គ័ល |
ទាក់ទិននឹងការផ្សងគោឧសភារាជ គឺព្រាហ្មណ៍ព្រះរាជគ្រូ សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឲ្យស៊ីផឹកអាហារ៧យ៉ាង ដែលភ្នាក់ងាររៀបចំដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺមាន ៖
- គ្រាប់ស្រូវ១តុ
- គ្រាប់សណ្តែក១តុ
- គ្រាប់ពោត១តុ
- គ្រាប់ល្ង១តុ
- ស្មៅស្រស់១តុ
- ទឹក១តុ
- ស្រា១តុ
Post a Comment