យើងម្នាក់ៗកើតមកបាននាំមកនូវខួរក្បាលសំរាប់ចងចាំនូវអ្វីដែលយើងបានជួបប្រទះរាល់ថ្ងៃ
ការប្រើប្រាស់ខួរក្បាលរបស់យើងពិតជាមានភាពចាំបាច់ណាស់ក្នុងការសំរេចជោគជ័យ ។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃមិនថានិស្សិត រឺបុគ្គលិកក្រុមហ៊ុនឡើយ ការអនុវត្ត ហ្វឹកហាត់ខួរក្បាល នឹងនាំមកនូវលទ្ធផលល្អ ។ ៨វិធីខាងក្រោមនេះ នឹងជួយលោកអ្នកបានជោគជ័យ ៖
វិធីទី១ ត្រូវដឹងច្បាស់ពីបញ្ហាដែលយើងចាំបាច់ចងចាំ
ក្នុងមេរៀនមួយ នឹងមានគំនិតសំខាន់របស់វា អមដោយសេចក្តីលំអិតផ្សេងៗ ដែលតំរូវអោយយើងចាំ តែយើងគ្រាន់តែចាំគំនិតសំខាន់ គឺមានន័យថា ត្រូវយល់អោយច្បាស់ ចំនុចមេរបស់បញ្ហា ។ លោកអ្នកអាចប្រើប៊ិច គូសចំនាំចំនុចសំខាន់ទាំងនោះ ក៏បាន ដើម្បីងាយស្រួល ។ វាធ្វើអោយលោកអ្នក ត្រលប់មកឃើញច្បាស់ អំពីខ្លឹមសារមេរៀន ។
វិធីទី២ ត្រូវមានជំនឿជាក់លើខ្លួនឯង
មិនថាបញ្ហាអ្វីក៏ដោយ លោកអ្នកត្រូវតែមានជំនឿលើខ្លួនឯង ។ លោកអ្នកត្រូវតែតាំងចិត្ត ហើយគិតថា ខ្ញុំនឹងចងចាំនូវអត្ថន័យនេះអោយបានល្អ ។ ការជឿជាក់លើខ្លួនឯង នឹងនាំអ្នកទៅរកភាពជោគជ័យ ។
វិធីទី៣ ត្រូវរំលឹកឡើងវិញច្រើនដង
ដើម្បីចាំឈ្មោះអ្នកណាម្នាក់ លោកអ្នកនឹងហៅឈ្មោះអ្នកនោះច្រើនដង មិនថាពេលជួបរឺមិនជួប ។ ការរៀនភាសាបរទេសក៏បែបនេះដែរ ដើម្បីចាំ និងអាចនិយាយបាន លោកអ្នកត្រូវហ្វឹកហាត់និយាយច្រើនលើកច្រើនសារ វានឹងស្រួលដូចភាសាដើមកំណើតយើងបែបនោះដែរ ។ ការសិក្សាក៏មិនខុសអីដែរ លោកអ្នកគ្រាន់តែធ្វើការរំលឹកជាប្រចាំ នោះលោកអ្នកនឹងអាចចាំវាបានដោយស្រួល ។ ចូររំលឹកជារៀងរាល់ថ្ងៃ នូវអ្វីដែលអ្នកចាំបាច់ត្រូវចាំ ។
វិធីទី៤ ត្រូវយល់អ្វីដែលអ្នកត្រូវចាំ
ទន្ទេញមិនមែនជាវិធីល្អនោះទេ សំរាប់និស្សិតសាកលវិទ្យាល័យ មានតែការយល់មេរៀនទេ ដែលអាចអោយលោកអ្នកចងចាំបានយូរ ។ ប្រសិនបើលោកអ្នកអានច្រើនដងហើយនៅតែមិនចាំ ចូរធ្វើការទន្ទេញសិន បន្ទាប់មកលោកអ្នកនឹងស្វែងយល់បណ្តើរៗ អំពីអត្ថន័យនោះ ។ ពេលនោះហើយអ្នកនឹងចងចាំវារហូត ។
វិធីទី៥ រៀបចំ និងបែងចែកបរិមាណមេរៀនអោយបានសមរម្យ
យើងមិនអាចយកមេរៀនដែលត្រូវរៀនក្នុងរយៈពេល១ឆ្នាំមក សំរុករៀនក្នុងរយៈពេលតែ១សប្តាហ៍បានឡើយ ។ លោកអ្នកត្រូវចេះរៀបចំ និងបែងចែកមេរៀនដែលត្រូវរៀនអោយបានច្បាស់លាស់ ថាថ្ងៃណាត្រូវរៀនអី ហើយរៀនប៉ុណ្ណាអាចអោយអ្នកចងចាំបាន ។ ចូរកុំរៀនច្រើនពេក ក្នុង១ពេល វាអាចធ្វើអោយលោកអ្នកមិនបានអ្វីសោះ ដោយសារតែមានខ្លឹមសារជាច្រើនត្រូវចាំ ហើយមានពេលខ្លះអាចច្រលំក៏ថាបាន ។
វិធីទី៦ ត្រូវកត់ត្រា ដើម្បីចងចាំកាន់តែច្បាស់
ចូរមានកូនសៀវភៅ១ និងប៊ិច១ដាក់លើតុរៀនរបស់អ្នក ។ ពេលណាដែលលោកអ្នកនឹកដល់អ្វីមួយភ្លាមៗ លោកអ្នកអាចកត់វាទុក រឺរំលឹកបាន ។ ការសរសេរបានច្រើនដង នឹងធ្វើអោយលោកអ្នកចាំកាន់តែច្បាស់ ។
វិធីទី៧ ត្រូវចេះអនុវត្តអោយបានជាប្រចាំ
អ្នកពូកែទ្រឹស្តី មិនប្រាកដថាពូកែខាងអនុវត្តឡើយ ។ ចូរធ្វើការជាក់ស្តែងអោយបានច្រើន ហើយកាន់តែច្រើន ។ អ្នកអាចចេះជិះកង់ថ្នឹកបាន គឺដោយសារអ្នកបានជិះចង់ច្រើនដង ។ លោកអ្នកអាចព្យាបាលជំងឺដែលជួបរាល់ថ្ងៃបានដោយប្រសិទ្ធភាព គឺដោយសារលោកអ្នកបានជួបជំងឺនោះរាល់ថ្ងៃ ហើយអនុវត្តវិធីព្យាបាលបានល្អ ។
វិធីទី៨ ត្រូវចាំអ្វីផ្សេងទៀតដែលទាក់ទងនឹងអ្វីដែលយើងត្រូវចាំ
ពាក្យខ្មែរតែងមានបរិបទ គឺមានពាក្យដែលអមតាមដូចជា ចានក្បាន (ក្បានចង្ក្រែ គឺក្បែរចង្រាន) ហេតុនេះ ដើម្បីយល់នូវពាក្យណាមួយ លោកអ្នកក៏អាចយល់បានដោយគ្រាន់តែយល់ពាក្យដទៃទៀតដែលពាក់ព័ន្ធនឹងវា ។ ដើម្បីយល់ចិត្តមនុស្សម្នាក់ លោកអ្នកគ្រាន់តែស្វែងយល់ពីមនុស្សក្បែរខ្លួនម្នាក់នោះក៏បាន ។
ខ្ញុំសង្ឃឹមថា ៨វិធីខាងលើនេះ នឹងអាចជួយលោកអ្នក ក្នុងការចងចាំមេរៀនបានយូរ និងច្បាស់បាន ។
Post a Comment