ទំនប់ ៥កុម្ភៈ ជាទំនប់ស្ថិតនៅក្រោយវត្តទួលឡូវ ក្នុងភូមិថ្នល់បែក ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម មានចម្ងាយប្រមាណ ១,៥០០ ម៉ែត្រ ពីសាលាស្រុកចំការលើ និងចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រ ពីសាលាខេត្តកំពង់ចាម នៅភាគពាយ័ព្យក្រុងកំពង់ចាម ។
ដើម្បីទៅដល់ទំនប់ ៥កុម្ភៈ អ្នកអាចធ្វើដំណើរតាមផ្លូវជាតិលេខ៧ រហូតដល់ផ្លូវបំបែកត្រើង អ្នកបត់ស្តាំតាមបណ្តោយផ្លូវជាតិលេខ ៧១ ជិះប្រមាណ ៣០ គីឡូម៉ែត្រ អ្នកនឹងទៅដល់ ទីរួមស្រុកចំការលើ ។ បន្ទាប់មកអ្នកបត់ស្តាំ ធ្វើដំណើរ ១,២០០ ម៉ែត្រ ទៀត អ្នកនឹងដល់ទំនប់៥កុម្ភៈ នៅខាងស្តាំដៃ ។
ពេលទៅដល់រមណីយដ្ឋានទំនប់៥កុម្ភៈ អ្នកនឹងបានឃើញខ្លោងទ្វារចូល រួចធ្វើដំណើរតាមផ្លូវបេតុង លើខ្នងទំនប់ ។ តាមបណ្តោយផ្លូវ មានអាហារដ្ឋានជាច្រើន ដែលរៀបចំឡើងបែបស្រុកស្រែចម្ការ មានជាកញ្ចុះអង្គុយលេង ជិះទាទឹកកម្សាន្ត ការស្ទូចត្រី មើលថ្ងៃលិចដ៏ស្រស់ស្អាត ។
ប្រវត្តិនៃការកកើតទំនប់៥កុម្ភៈ
ដើមឡើយទំនប់៥កុម្ភៈជាទំនប់ដែលត្រូវបានកសាងឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នាទសវត្សរិ៍ឆ្នាំ៧០ និងបន្តការជួសជុលជាបន្តបន្ទាប់ ដូចជាកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរ និងការិយាល័យជំនាញ បានស្តារ និងជួសជុលទ្វារទឹក ដើម្បីទុកស្រោចស្រពដំណាំ កសិផល និងស្រែចម្ការ ព្រមទាំងប្រែក្លាយទៅជារមណីយដ្ឋានប្រចាំស្រុកតែម្តង ដែលកាលពីមុនលើផ្ទៃទឹកទំនប់ មានតែកំប្លោក ធ្វើអោយអ្នកធ្វើដំណើរ ជិះហួសមកហួស មិនមានការចាប់អារម្មណ៍ចូលលេងកម្សាន្តឡើយ ។
ទំនប់ ៥កុម្ភៈ លើផែនទី
Post a Comment