យល់​ដឹង​អំពី​គ្រោង​ឆ្អឹង

គ្រោងឆ្អឹង 3D (Google)
   ឆ្អឹង​នីមួយៗ​នៃ​រាងកាយ​រួម​គ្នា​បង្កើត​បានជា​គ្រោង​ឆ្អឹង មាន​តួនាទី​គ្របដណ្តប់ និង​ការពារ​អវយវៈ​ដែល​សំខាន់​ៗរបស់​សារពាង្គកាយ ។
ហើយ​ធ្វើ​តួនាទី​ដូចកម្លាំង​ជំនួយ​ដល់​សាច់ដុំ ដើម្បី​ប្រើ​ប្រាស់​ក្នុងការទាញ ប្ញទប់​ផ្នែក​ផ្សេង​ៗ ដូចជា​ទប់​ជំហរ​ខ្លួន ។

   គ្រោង​ឆ្អឹង​ដែល​ធ្វើ​តួនាទី​ការពារ​អវយវៈ​សំខាន់​របស់​រាង​កាយ ចែក​ចេញ​ជា​៤​ផ្នែក​ធំៗ គឺ ៖

* លលាដ៏​ក្បាល 

   លលាដ៏​ក្បាល​ រួម​មាន​ឆ្អឹង​ជា​ច្រើន​កំណាត់ មាន​លក្ខណៈកោង មានផ្ទៃ​សំប៉ែត និង​កាច់​កុង​ច្រើន តាំង​ពី ឆ្អឹង​ចង្កា ឆ្អឹង​សៀត​ផ្កា ឆ្អឹង​ច្រមុះ​ ជាដើម ។ លលាដ៏​ក្បាល​ជា​ឆ្អឹង​សំខាន់មួយ​សម្រាប់​ការពារ​ខួរ​ក្បាល​មនុស្ស ។ បែក​លលាដ៏​ក្បាល​ មនុស្ស​យើង​អាចជួប​នឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ខ្លាំង​ជា​ច្រើន ដូចជា ដាច់ស​សៃឈាម ឈាម​កក​ក្នុង​ខួរ​ក្បាល ។ 

* ឆ្អឹង​ខ្នង 

   និយាយ​ពី​ឆ្អឹង​ខ្នង​វិញ រួម​មាន​ច្រើន​កំណាត់​ តាម​ភាសា​អង់គ្លេស​ហៅ​ថា Vertebrae ។ ឆ្អឹង​ខ្នង​ត្រូវ​បាន​តភ្ជាប់​គ្នា​ជាមួយ​គ្រឹះ​នៃ​លលាដ៏​ក្បាល រៀង​ត​ៗគ្នា វែង​ចុះ​មក​ក្រោ​ម​ដល់​ខ្នង រហូត​ដល់​កញ្ជូញ​គូថ ។ តួ​នាទី​ដ៏​សំខាន់​របស់​គ្រោង​ឆ្អឹង​ខ្នង គឺស្រោប​ការពារ​សសៃ​ប្រសាទ​ខ្នង​ ដែល​មានតួនាទី​ដឹក​នាំ​ញាណទាំង​ឡាយ ឆ្លង​ដល់​ខួរក្បាល ។ កំណាត់​ឆ្អឹង​នីមួយ​ៗ​ញែក​ចេញ​ពីគ្នា ដោយ​ឆ្អឹង​មាន​លក្ខណៈ​មូល ហៅថា Cushion ។ ​ចំពោះ​ឆ្អឹង​ខ្នង​មាន​ចំនួន ៣៣ទៅ៣៥ ហើយ​ចែក​ចេញ​ជា​៣ ផ្នែក​ ៖

- ផ្នែក​ក ៖ មាន​ចំនួន​ ៧​ឆ្អឺង​តម្រៀប​​តាម​រាង​អក្សរ​ដែល​ចុង​ក្រោម​ត្រង់​ឆ្អឹង​ខ្នង​កទី៧ មាន​ទិស​ដៅទៅក្រោយ ។ ពី​ឆ្អឹង​ទី១​រហូត​ដល់​ឆ្អឹង​ទី​៧ មាន​ទំហំ​ប្រែ​ប្រួល​ពី​តូច​ទៅ​ធំ ។ ឆ្អឹង​ខ្នង​ក អាច​គ្រោះ​ថ្នាក់​ខ្លាំង​បើ​សិន​ជា​មាន​អ្វី​ដំ​ចំ និង​ធ្វើ​អោយ​អ្នក​ជំងឺ​សន្លប់​បាន ។ 

- ផ្នែក​ខ្នង ៖ មាន​ចំនួន​ ១២​ឆ្អឹង​តម្រៀប​តគ្នា ដូច​ឆ្អឹង​ក​ដែល​តែ​ចុង​ឆ្អឹង​ទី ១២ មាន​ទិស​ទៅមុខ ។ សម្រាប់​ឆ្អឹង​ខ្នង មាន​ទំហំធំជាង​ឆ្អឹង​ក ។ វាត្រូវ​បាន​ភ្ជាប់​ជាមួយ​ឆ្អឹង​ជំនី​ទាំង១២ ដើម្បី​ការពារ​សរីរាង្គ​ក្នុង​ទ្រូង​របស់​មនុស្ស ដូចជា​សួត បេះដូង បំពង់អាហារ បំពង់ខ្យល់ ។ 

- ផ្នែក​ចង្កេះ ៖ មាន​ចំនួន  ៥ឆ្អឹង ចាប់​តពី​ឆ្អឹង​ខ្នងមក ចុះ​បន្ត​រហូត​ដល់​ចង្កេះ ។ វា​មិន​ត្រូវ​បានភ្ជាប់​ជាមួយ​​ឆ្អឹង​ណាមួយ​ដូច​ឆ្អឹង​ខ្នងទេ តែ​វាមាន​ពាក់ព័ន្ធ​ជាមួយ​សរី​រាង្គសំខាន់​មួយ​ចំនួន​ដូចជា​តម្រង​នោម ។ 

- ផ្នែក​ផាល ៖ មាន​ ៥​ឆ្អឹង 

- ផ្នែក​កញ្ជូញគូថ ៖ មាន​ចន្លោះ ពី​៣ទៅ​៥​ឆ្អឹង 

* ឆ្អឹង​ជំនី

   ឆ្អឹង​ជំនី រួម​មាន​គ្រោ​ងឆ្អឹង​ ១២គូ ចាប់​ពីគូ​ទី១ រហូត​ដល់​គូទី ១២ ត្រូវគ្នា​ដែរនឹង​ឆ្អឹង​ទាំង​១២ របស់​ឆ្អឹង​ខ្នង ។ វា​បានភ្ជាប់​គ្នា​ បន្ទាប់​ឆ្អឹង​ក ចុះ​ក្រោម ហើយ​កោង​មក​ខាង​មុខ​ គ្រប​ជាគ្រោង ការ​ពារ​បេះដូង​ សួត នៅ​ខាង​ក្នុងទ្រូង ។

* ឆ្អឹង​ត្រគាក

   ឆ្អឹង​ត្រគាក ជា​ឆ្អឹង​ដែល​មានលក្ខណៈ​ខូង មាន​ឆ្អឹង​ត្រគាក​ចំនួន​២ តបញ្ជូលគ្នា បរិវេណ​ផ្នែក​ខាង​ចុង​នៃ​ឆ្អឹង​ខ្នង ។ ឆ្អឹង​ត្រគាក​ទាំង​សងខាង​មាន​ចន្លោះប្រហោង​២ ដែល​អាច​ឱ្យ​ឆ្អឹង​ភ្លៅ​ស៊ក​ចូល​បាន​យ៉ាង​ល្ម ដែល​កើត​ជា​គន្លាក់​ត​របស់​ឆ្អឹងត្រគាក ។ ឆ្អឹង​ត្រគាក​ធ្វើ​ការការពារ​តម្រង​នោម និង​សរីរាង្គ​ក្នុង​ពោះមាន​ដូចជា​ពោះវៀន​ សសៃ​ឈាម​ធំ និង​សសៃប្រសាទ​ដែល​មក​ចិញ្ចឹម​បរិវេណ​ជើង​ផ្នែក​ខាង​ក្រោម ។ 

   ក្រៅ​ពី​គ្រោង​ឆ្អឹង​ទាំង​៤​ផ្នែក​នេះ នៅ​មាន​ឆ្អឹង​អវយវៈខាង​លើ និង​ខាង​ក្រោមទៀត (ដៃ ជើង) ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​ដើរ និង​ចាប់​កាន់រ​បស់​របរប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ ដៃ ជើង ជា​ឆ្អឹង​វែង​ ដែលផ្ទុក​ខួរ​ឆ្អឹង​ និង​ស្រោប​ដោយ​សសៃប្រសាទ សាច់​ដុំ សសៃឈាម ។ 

   គ្រោង​ឆ្អឹង​របស់​យើង​មាន​តួ​នាទី​ការ​ពារ​សារពាង្គកាយ​គ្រប់​ផ្នែក​របស់​វា តែ​បើ​ផ្នែក​ណាមួយ​របស់​ឆ្អឹង​យើង​មាន​រង​របួស​ យើង​ប្រាកដជា​ពិបាក​មិន​ខាន ។ ដូច្នេះ សូម​បងប្អូនយើង​មេត្តា​ប្រុង​ប្រយ័ត្ន​ចំពោះគ្រោះថ្នាក់​ទាំងឡាយ​ដែល​អាច​កើត​មាន​បាន ។ 

   នៅ​ប្រកាស​ក្រោយ​ៗ ខ្ញុំ​នឹង​លើក​យក​វិធី​សង្គ្រោះ​បឋម​ចំពោះការ​បាក់ឆ្អឹង​ជូន​ដល់​បងប្អូនអាន​ សំរាប់​ពេល​ដែល​បងប្អូន​បាន​ជួបជន​រងគ្រោះណាមួយតាម​ផ្លូវ​ ។ កុំ​ភ្លេច​ហាត់​ប្រាណទាំងអស់គ្នា​ដើម្បី​សុខភាពរឹងមាំ និង​ញ៉ាំអាហារ​ដែល​មាន​សារជាតិ​បំប៉ន​គ្រប់គ្រាន់​ ដើម្បី​ឆ្អឹង​លូត​លាស់​បានល្អ ។ 

ប្រភព ៖ សៀវភៅវិនាទីសង្គ្រោះ​បន្ទាន់
Previous
Next Post »
0 Komentar